តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីដែលជាជនសង្ស័យរូបនេះបានជេរប្រមាថ និងគំរាមកំហែងជាសាធារណៈដល់ជនរងគ្រោះដែលជាមនុស្សចាស់ កំពុងតែរត់ការទៅតុលាការ ដើម្បីអោយរួចខ្លួន ដោយសារអាងទឹកលុយ និងអាងខ្នងធំជួយការពារ។ ក៏ប៉ុន្តែមហាជនក៏កំពុងតាមដានមើលផងដែរថា តើតុលាការហ៊ានអោយស្ត្រីជើងកាងនេះរួចខ្លួនដែរឬទេ?
ស្ត្រីខាងលើនេះមានឈ្មោះថា យឹម អេង និងបក្សពួកមួយចំនួនទៀត ដែលបានតដៃ និងក្របួច.កអាវនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ ពេលដែលនគរបាលចុះឃាត់ខ្លួនស្ត្រីរូបនេះតាមដីកាបញ្ជាឲ្យចូលខ្លួននោះ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្សារបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបាននគរបាលក្រសួងមហាផ្ទៃ បញ្ជូនសំណុំរឿងនេះទៅកាន់តុលាការហើយ និងរង់ចាំចំណាត់ការពីថ្នាក់លើ ។
យោងតាមពាក្យបណ្តឹងបានបញ្ជាក់ថា ស្ត្រីដែលជាជនសង្ស័យរូបនេះបានជេរប្រមាថ និងគំរាមកំហែងជាសាធារណៈដល់ជនរងគ្រោះដែលជាមនុស្សចាស់ជាច្រើនលើកច្រើនសារ។ ហើយប្រជាពលរដ្ឋដែលរស់នៅភូមិបាត់ដឹងនោះ ក៏បានបង្ហើនឲ្យដឹងដែរថា ស្ត្រីម្នាក់នេះមានរឿងអាស្រូវជាច្រើនទាក់ទងនឹងករណីដីធ្លី និងក៏ធ្លាប់ជេរប្រមាថដល់នគរបាលក្នុងអធិការស្រុក ។
តាមពាក្យបណ្តឹងពីជនរងគ្រោះ បានប្តឹងដល់ស្ត្រីរូបនេះ ឲ្យមានការសូមទោសជាសាធារណៈ និងទាមទារសេវាកម្មផ្លូវច្បាប់ ថ្លៃទាមទារខាតបង់ពេលវេលា សំណងជំងឺចិត្ត ការប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ និងការខូចខាតប្រយោជន៍ផ្សេងៗ ៕